ខេត្តតាកែវ៖ ក្តៅៗទៀតហើយ លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង នៃអធិដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនដោយស្នាប់កាំភ្លើងយ៉ាងសាហាវព្រៃផ្សៃ កាលពីសប្ដាហ៍មុននិងបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែបែរជាគ្មានចំណាត់ការច្បាប់ពីថ្នាក់លើ។
តាមប្រភពព័ត៌មានបានឲ្យដឹង កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានករណីហិង្សាបង្កដោយលោក ឌុក ហឿន តួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង បានប្រើហិង្សាវាយទាត់ធាក់លើប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក យ៉ាងធ្ងន់ធ្ងរ។
ករណីនេះដែរ ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អង្គភាពសមី ប៉ុន្តែបែរជាគ្មានចំណាត់ការច្បាប់ចំពោះ លោក ឌុក ហឿន នេះហាក់ដូចជាច្បាប់នៃអធិការស្រុកត្រាំកក់ ខេត្តតាកែវ បែងចែកជាពីរ (ពោលគឺ) ពលរដ្ឋធ្វើខុសចាប់ ចំណែកឯសមត្ថកិច្ចធ្វើខុសបែរជាសម្ងំស្ងៀម ដោយធម្មតា។
ងាកមកមើលលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ដែលគេដឹងថាជាបងប្រុសបង្កើតរបស់លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង ហាក់ដូចជាកំពុងតែជួយបិទបាំងរឿងអាស្រូវរបស់លោកមេប៉ុស្តិ៍ ដោយរក្សាភាពស្ងៀមស្ងាត់ ខណៈលោកមេប៉ុស្តិ៍ប្រើហិង្សាយ៉ាងឃោរឃៅទៅលើស្ត្រីភេទជាប្រពន្ធ នេះហាក់ដូចជាមានរឿងលាក់បាំងខ្លាំងមែនទែន។
ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ គួរតែចាត់វិធានការបែបណាចំពោះលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង។
ហើយលោក ឌុក ធីយ៉ា គួរតែគិតបែបណាដែរ ចំពោះលោក ឌុក ហឿន ដែលជាប្អូនបង្កើតរបស់ខ្លួន បានប្រើហិង្សាវាយទាត់ធាក់ទៅលើស្ត្រីជាប្រពន្ធ។
ជុំវិញករណីហិង្សាដែលបង្កដោយមេប៉ុស្តិ៍នគរបាលត្រពាំងក្រញូង ខាងលើនេះ តើសាលាដំបូងខេត្តតាកែវ អាចមានសិទ្ធិកោះហៅ ជននោះយកមកសាកសួរបានដែរឬយ៉ាងណា..?