ខេត្តរតនគិរី ៖ ខណៈដែលជំនួនទឹកភ្លៀង កំពុងជន់ឡើងនៅបណ្តាខេត្តភាគឦសាន ទូកដមួយគ្រឿង បានលិចនៅទន្លេស្រែពក បណ្ដាលឱ្យបាត់ខ្លួនមនុស្សម្នាក់ ខណៈ១១នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចចម្លងទូកដ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។
មន្ត្រីនគរបាល បានឲ្យដឹងថា ឧបទ្ទវហេតុលិចទូកដ ១គ្រឿងនេះ ដោយសារផ្ទុកលើសចំណុះ គឺមនុស្សរហូតដល់១២នាក់ និងម៉ូតូ ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរកួចខ្លាំង ។
មន្ត្រីនគរបាល បន្តថា ជនរងគ្រោះដែលបានបាត់ខ្លួននោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។
ទោះជាយ៉ាងណា កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួននោះ៕