ទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងស្រុកកំពង់សៀម កំពុងតែរីកដូចផ្សិត បែរជាសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់
កំពង់ចាម៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ កំពុងតែរីកដូចផ្សិត ក្នុងទឹកដីស្រុកកំពង់សៀម ខេត្តកំពង់ចាម បែរជាលោក ប៉ាន់ ដន អធិការនគរបាលស្រុកដែលធ្លាប់មានប្រវត្តិមិនល្អ បានកំពុងបន្តរក្សាភាពស្ងៀមស្ងាត់។
តាមប្រភពព័ត៌មានពីពលរដ្ឋបាននិយាយថា នៅតាមបណ្តាលហាងកាហ្វេ ទូទាំងភូមិឃុំក្នុងស្រុកកំពង់សៀម ពោលទៅដោយបទល្មើសល្បែងស៊ីសងខុសច្បាប់ជាច្រើន បានបន្តធ្វើសកម្មភាពលេងល្បែងភ្នាល់ យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធណាម្នាក់។
ពលរដ្ឋបានបន្ថែមដោយលើកឡើងទៀតថា នៅតាមបណ្តាលហាងកាហ្វេក្នុងមូលដ្ឋានទូទាំងស្រុកកំពង់សៀម ហាក់ដូចជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះ សង្ស័យតែមានខ្នងបង្អែកចាយលុយជាមួយលោក ប៉ាន់ ដន អធិការស្រុក ជារៀងរាល់ខែហើយមើលទៅ ទើបបានជាមិនខ្វល់ពីការបង្ក្រាប។
ពលរដ្ឋជាច្រើនបានរស់នៅជាមួយភាពភ័យខ្លាច ដោយសារតែស្រុកភូមិរបស់គាត់ពោលពេញ ទៅដោយអ្នកញៀនល្បែង មិនដឹងថា កើតចោរលួច ចោរប្លន់ កាប់សម្លាប់យ៉ាងណាយ៉ាងណីនោះទេ បើសមត្ថកិច្ចមិនបង្ក្រាបផងនោះ។
ប្រជាពលរដ្ឋជាច្រើនអស់ជំនឿលើលោក ប៉ាន់ ដន អធិការនគរបាលស្រុកកំពង់សៀមទៀតហើយ ព្រោះអធិការស្រុករូបនេះធ្លាប់មានប្រវត្តិប្រើហិង្សា វ៉ៃទៅ លើពលរដ្ឋរបស់ខ្លួន យ៉ាងសាហាវព្រៃផ្សៃកាលពីឆ្នាំ២០១៩កន្លងទៅ ហើយបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានមិនបង្ក្រាបទេ បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។
ពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើលការរបស់លោក ប៉ាន់ ដន អធិការស្រុកកំពង់សៀមផង ព្រោះបទល្មើសច្រើនក្នុងស្រុកបែរជាមិនមិនបង្ក្រាប ឬមានប្រយោជន៍ដល់ខ្លួន៕