ចាប់​ឃាត់ខ្លួនស្ត្រី​ម្នាក់​ ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​អ្នក​ជិតខាង ដែល​កន្លង​មក​ធ្លាប់​បាត់​ជិត​២​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ឃាត់ខ្លួន ខណៈ​ពេល​ចូល​ទៅ​ក្នុងផ្ទះ​អ្នក​ជិតខាង​ដើម្បី​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ពុំ​ទាន់​លួច​បាន​អ្វី​ផង ក៏​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់ រួច​ខ្ទប់ទ្វារ​ពី​ខាងក្រៅ​ជាប់​តែ​ម្ដង​។ ដោយឡែក​ម្ចាស់ផ្ទះ​និយាយ​ថា កន្លង​មក គ្រួសារ​របស់​គាត់​ធ្លាប់​ត្រូវ​ចោរ​ចូល​លួច​យក​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន ព្រមទាំង​លុយ​ក្នុងផ្ទះ​អស់​សរុប​ជិត​២​ម៉ឺន​ដុល្លារ​ហើយ​។ ប៉ុន្តែ​ពុំដែល​រកមុខ​ចោរ​ឃើញ​ឡើយ ទើបតែ​ពេល​នេះ​ចាប់​បាន​ម្ដង បែរជា​អ្នក​ជិតខាង​ទៅ​វិញ តែ​គាត់​ក៏​ពុំ​ទាន់​ដឹង​ថា តើ​ជនសង្ស័យ​ម្នាក់​នេះ​គឺជា​អ្នក​លួច​ទ្រព្យសម្បត្តិ​របស់​គាត់​កន្លង​មក​ឬ​ពុំ​មែន​នោះ​ទេ?​។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ស្ត្រី​ដែល​ជា​ជនសង្ស័យ​ខាងលើ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ពិតប្រាកដ​នោះ​ទេ ដោយ​អ្នក​ភូមិ​ហៅ​ថា ម៉ែ​មី​ហួយ​ៗ អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។​ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ កង បាវ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ជាប់​ផ្ទះ​ជនសង្ស័យ​។

បើ​តាម​ស្ត្រី​ម្នាក់​ត្រូវជា​ប្រពន្ធ​ម្ចាស់ផ្ទះ បាន​និយាយ​ប្រាប់​ឲ្យ​នគរបាល​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ ខណៈ​ពេល​ដែល​គាត់​យក​ខោអាវ​ទៅ​ហាល ហើយ​ពុំ​បាន​បិទទ្វារ​ផ្ទះ​ខាងក្រោយ ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ ។ ពេល​នោះ​គាត់​អត់​បានដឹង​នោះ​ទេ ប៉ុន្តែ​​ក្រោយ​ពេល​ហាល​រួច គាត់​ក៏​បាន​ដើរទៅ​ប្រុង​ចូល​ទៅ​យក​អីវ៉ាន់​ក្នុងផ្ទះ ស្រាប់តែ​ឃើញ​ទ្វារ​ក្រោយ​បិទ ហើយ​ជាប់​គន្លឹះ​ពី​ខាងក្នុង​ថែម​ទៀត​។ គ្រានោះ គាត់​មានការ​ងឿងឆ្ងល់​ខ្លាំង​ណាស់ ហើយ​ក៏​អឺត​មើល​តាម​ប្រហោង ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​នៅ​ក្នុង​នោះ គាត់​ក៏​បាន​ខ្ទប់ទ្វារ​ពី​ខាងក្រៅ​ជាប់ រួច​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​នោះ​តែ​ម្ដង​។

Picture

ប្រភព​ដដែល​និយាយ​រៀបរាប់​បន្ត​ទៀត​ថា ពេល​ចាប់ខ្លួន​នោះ ស្ត្រី​សង្ស័យ​ពុំ​ទាន់​លួច​អ្វី​បាន​នៅឡើយ​ទេ ប៉ុន្តែ​កន្លង​មក គ្រួសារ​របស់​គាត់​ធ្លាប់​ត្រូវ​បាន​ចោរ​ចូល​លួច​យក​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន ព្រមទាំង​លុយ​អស់​ច្រើន​ណាស់​។ ក្នុង​នោះ​គាត់​បាត់​គ្រឿងអលង្ការ​មាស​អស់ ៣​តម្លឹង​៥​ជី និង​លុយ​៥៦០០​ដុល្លារ ចំណែក​កូនស្រី​គាត់​បាត់​ខ្សែ​.​ក​មាស​១​តម្លឹង ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ ចិញ្ចៀន​២​វង់ កង​ដែ​១​វង់ រីឯ​កូនកំលោះ​របស់​គាត់​វិញ បាត់​ខ្សែ​.​ក​ប្លា​ទី​ន​៤​ជី ខ្សែដៃ​១​តម្លឹង​៦​ជី ហើយ​ប្លា​ទី​ន​សុទ្ធតែ​ទឹក​៧​ទាំងអស់​។

គាត់​បាន​និយាយ​ទៀត​ថា ទោះបី​បាត់​ច្រើន​បែប​នេះ​ក្ដី គាត់​ពុំដែល​រកមុខ​ចោរ​ឃើញ​ឡើយ លុះដល់​ថ្ងៃនេះ​ទើប​ចាប់ចោរ​បាន​ម្ដង ហើយ​បែរជា​អ្នក​ដែល​រស់នៅ​ជិតខាង​គ្នា​ទៅ​វិញ តែ​គាត់​ក៏​ពុំ​ទាន់​ដឹង​ថា តើ​ជនសង្ស័យ​ម្នាក់​នេះ​គឺជា​អ្នក​លួច​ទ្រព្យសម្បត្តិ​របស់​គាត់​កន្លង​មក ឬ​ពុំ​មែន​នោះ​ទេ?​។

ដោយឡែក​នគរបាល​ប៉ុស្តិ៍​កន្ទោក ក្រោយ​ពី​ចាប់ខ្លួន​ស្ត្រី​សង្ស័យ​នោះ​បាន ក៏​បាន​នាំ​ទៅ​ធ្វើការ​សាក​សួរ​ភ្លាម​ៗ ប៉ុន្តែ​ពុំ​ទាន់​បង្ហើប​ឲ្យ​ដឹង​ថា តើ​ទទួល​បាន​ចម្លើយ​ពី​ស្ត្រីជន​សង្ស័យ​រូប​នោះ​បែប​ណា​នៅឡើយ​ទេ?​៕

ព័ត៌មានដែលជាប់ទាក់ទង