ប្តឹងលោក ប៉ូ ចាន់នី ទៅក្រសួងមហាផ្ទៃ ជុំវិញការចោទប្រកាន់លាបពណ៌ រឿងលាងលុយខ្មៅ និងរឿងក្បត់ជាតិ

នារសៀលថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាងសារព័ត៌មាន «អាស៊ានដេលី» បានដាក់ពាក្យបណ្តឹងទៅនាយដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ជុំវិញការចោទប្រកាន់លាបពណ៌ ថារូបលោកជាជនក្បត់ជាតិ និងជាអ្នកបញ្ចុះបញ្ចូលឱ្យ កែវ ពិសិដ្ឋ វិនិយោគចូលរួមលាងលុយខ្មៅ។

ពាក្យបណ្តឹងនេះ បានប្តឹងទៅឈ្មោះ ប៉ូ ចាន់នី (ហៅស្អែកស្លាប់) បន្ទាប់ពីលោក ប៉ូ ចាន់នី (ហៅស្អែកស្លាប់) បានបរិហារកេរ្តិ៍តាមសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយលើកឡើងចោទប្រកាន់លាបពណ៌ថា មីន ចាន់ធី បានញុះញង់បញ្ចុះបញ្ចូលឱ្យ កែវ ពិសិដ្ឋ ដាក់លុយវិនិយោគជាមួយ សួន ចំរើន ដើម្បីលាងលុយខ្មៅ ថែមទាំងចោទប្រកាន់ថាលោក មីន ចាន់ធី ជាជនក្បត់ជាតិ ជាកូនចៅរបស់ សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់។

ដឹងហើយថាករណីលាងលុយខ្មៅ និងករណីក្បត់ជាតិ សុទ្ធតែជាបទល្មើសឧក្រិដ្ឋឬឧក្រិដ្ឋឆ្លងដែន តែជាបទល្មើសដ៏ធំលើសជីវិត និងជាអំពើដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់មុខមាត់សង្គមនិងសន្តិសុខជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ នៃប្រទេសកម្ពុជា។

ក្នុងពាក្យបណ្តឹងរបស់លោក មីន ចាន់ធី ចាងហ្វាងសារព័ត៌មាន អាស៊ានដេលី បានប្តឹងលោក ប៉ូ ចាន់នី ពីបទបរិហារបង្កាច់កេរ្តិ៍ ជាសាធារណៈ តាមមាត្រា៣០៥ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីចោទប្រកាន់លាបពណ៌ដ៏ធំនេះដែរ លោក មីន ចាន់ធី បានសំណូមពរដ៏ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សូមជួយបើកការស៊ើបអង្កេតផ្តល់ភាពយុត្តិធម៌ជូនគាត់ និងស្នើសុំឱ្យមានចំណាត់ការតាមផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្ត។

ចាងហ្វាងអាស៊ានដេលី លោក មីន ចាន់ធី សុំសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចមេត្តាចាត់មន្ត្រីជំនាញជួយពន្លឿន បើកការស៊ើបអង្កេតស្រាវជ្រាវនិងរកយុត្តិធម៌ជូនដល់រូបលោកផង និងសូមឱ្យចាត់វិធានការតាមច្បាប់ចំពោះជនដែលបានប្រព្រឹត្ត។

ព័ត៌មានដែលជាប់ទាក់ទង