ប៉ោយប៉ែត៖ ទីតាំងកន្លែងល្បែងស៊ីសងជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែង នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ កំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកខណៈសមត្ថកិច្ចមិនហ៊ានបង្ក្រាបទាល់តែសោះ។

ក្រៅពីសង្វៀនជល់មាន់ និងវង់អាប៉ោងក៏ធំខាងលើនេះ ក៏នៅមានទីតាំងល្បែងអនឡាញហ្គេមជាច្រើនទៀត នៅតាមបណ្ដាហាងខាអូខេ ដែលទីតាំងល្បែងស៊ីសងទាំងអស់នេះ ស្ថិតនៅក្រោមក្រសែរភ្នែករបស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលក្រុងប៉ោយប៉ែត តែមិនដែលហ៊ានបង្ក្រាបទីតាំងទាំងនោះឡើយ។

ប្រជាពលរដ្ឋលើកឡើងថា ទីតាំងល្បែងស៊ីសងនៅក្នុងក្រុងប៉ោយប៉ែតទាំងនោះ គឺជាប្រភពនាំឲ្យមានបទល្មើសក៏ដូចជាការប្រើប្រាស់គ្រឿងញៀន។ នៅតាមហាងខារ៉ាអូខេ និងកាស៊ីណូសុទ្ធតែមានល្បែងស៊ីសងដែលអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងដោយខុសច្បាប់ ប៉ុន្តែមិនដែលឃើញកម្លាំងលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបម្ដងណាឡើយ។

មហាជនរិះគន់អាជ្ញាធរមានសមត្ថកិច្ចថា ផ្ដើមចេញពីល្បែងស៊ីសងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុក គឺនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀដូចជាអំពើចោរកម្មអំពើហិង្សា ក្នុងគ្រួសារ និងបទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមនាពេលបច្ចុប្បន្ន។ ពួកគាត់ថាកន្លែងល្បែងស៊ីសងខាងលើ កំពុងតែបើកលេងភ្នាល់មិនរំខានដល់សមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតឡើយ ដែលគេអះអាងថាមានអ្នកធំបានរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធរួចរាល់ហើយ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកឲ្យលេងភ្នាល់ដាក់លុយយ៉ាងរលូនបាន។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងកន្លែងល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែងខាងលើនេះ បានបើកលេងជាយូរណាស់មកហើយបើទោះប្រមុខរាជរដ្ឋាភិបាលប្រកាស់បិទល្បែងស៊ីសងទូទាំងប្រទេសក្ដីក៏នៅតែបើកលេង ក៏មិនមានការរំខានដល់សមត្ថកិច្ច ក្រុងប៉ោយប៉ែតនៅឡើយ។

ប្រជាពលរដ្ឋសំណូមពរដល់អភិបាលខេត្តបន្ទាយមានជ័យ និងស្នងការនគរបាលខេត្ត រួមនឹងអ្នកពាក់ព័ន្ធជួយពិនិត្យទៅលើទីតាំងទាំងអស់នេះផង។

គួរំលឹកថាល្បែងខាងលើនោះ ត្រូវបានមូលដ្ឋានអាវុធហត្ថ ហៅទៅសួរនាំម្ដងដែរ តែបានលែងម្ចាស់ទីតាំង និងអ្នកលេងទៅវិញ តែទោះយ៉ាងនេះក៏ដោយក៌នៅបន្តលេងរហូតមកដែរ

ព័ត៌មានដែលជាប់ទាក់ទង