បិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីន ថ្នាក់អាស៊ាន និងតំបន់លើកទី០៥ ក្នុងក្របខ័ណ្ឋបេសកកម្មអង្គការសហប្រតិបត្តិការ
ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសបោសសម្អាតមីននិងគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាននិងតំបន់លើកទី០៥ ក្នុងក្របខ័ណ្ឌបេសកកម្មអង្គការសហប្រជាជាតិ ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះនៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្រោមកិច្ចសហប្រតិបត្តិការពីសាធារណរដ្ឋបារាំង និងអូស្រ្តាលី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបេះដូងជាអ្នកស្រឡាញ់សន្តិភាព នឹងបន្តចូលរួមយ៉ាងខ្លាំងក្លាក្នុងការគាំទ្រ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្គ្រាម។ ឯកឧត្តមបានលើកឡើងថា កងកម្លាំងរក្សាសន្តិភាពទាំងអស់ ដែលត្រូវចេញបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ត្រូវយកបេះដូង និងក្តីស្រឡាញ់របស់ខ្លួន ទៅបម្រើប្រទេស និងប្រជាជនទាំងនោះ ឲ្យដូចជាប្រទេសជាតិ ជនរួមជាតិ សាច់ញាតិ និងក្រុមគ្រួសាររបស់ខ្លួន ហើយដែលទង្វើទាំងនេះ នឹងស្ថិតក្នុងបេះដូង និងការចងចាំជានិច្ច។
ជាង១៦ឆ្នាំនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់ និងបានការកោតសរសើរលើឆាកអន្តរជាតិដែលជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា។ បច្ចុប្បន្ន កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរទាំងចំពោះសកម្មភាពក្នុងស្រុក ទាំងចំពោះសកម្មភាពក្នុងក្របខ័ណ្ឌអង្គការប្រជាជាតិ ។
ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពីប្រទេសបារាំងដែលផ្តល់ហិរញ្ញវត្ថុ និងបានបញ្ជូនយោធាចារ្យ រួមជាមួយយោធាចារ្យនៃប្រទេសអូស្ត្រាលី ជួយគាំទ្រនិងផ្តល់ការហ្វឹកហ្វឺនក្នុងវគ្គនេះ ដែលជាការបង្ហាញនូវការប្ដេជ្ញា និងការគាំទ្រឥតឈប់ឈរចំពោះសកម្មភាពមីននៅកម្ពុជា និងប្រទេសក្នុងតំបន់ ព្រមទាំងចាត់ទុកថាសកម្មភាពមីន គឺជាផ្នែកមួយដ៏សំខាន់របស់សកម្មភាពអភិវឌ្ឍន៍ និងការងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ។
លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ ឱ្យដឹងថា វគ្គហ្វឹកហ្វឺនគ្រូបង្គោលជំនាញបោសសម្អាតមីនថ្នាក់អាស៊ាន និងតំបន់ ដែលមានរយៈពេលជាង០៣សប្តាហ៍ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ មានគោលបំណងផ្តល់ការគាំទ្រដល់ប្រតិបត្តិការសន្តិភាពអង្គការសន្តិភាព នឹងអនុវត្តតាមរូបមន្ត យុទ្ធសាស្ត្រ សកម្មភាពមីន អ.ស.ប ប្រព័ន្ធគ្រប់គ្រងព័ត៌មានស្តីពីសកម្មភាពមីន យុទ្ធសាស្ត្រសកម្មភាពមីនថ្នាក់ជាតិ និងបទពិសោធន៍ជាក់ស្តែង ដែលបានមកពីអាជ្ញាធរមីនកម្ពុជា ក៏ដូចជាការដកស្រង់ផ្ទាល់ពីតំបន់បេសកកម្មមកធ្វើសក្ខីកម្ម សម្រាប់អនុវត្តទាំងនៅក្នុងនិងក្រៅប្រទេស ដែលសិក្ខាកាមមកពីកម្ពុជា ឥណ្ឌូនេស៊ី ថៃឡង់ ហ្វីលីពីន នេប៉ាល់ ឡាវ ម៉ុងហ្គោលី ម៉ាឡេស៊ី វៀតណាម និងបង់ក្លាដែស៕