ខេត្តកណ្ដាល ៖ រាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍ ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្សពួក ប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។
នេះបើយោងតាមលិខិតរបស់ទីស្ដីការគណរដ្ឋមន្ត្រី ជម្រាបជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលចេញថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្នុងកម្មវត្ថុ ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ខ្លឹមសារផ្នែកខ្លះនៃលិខិតបានបង្ហាញឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍រួមមាន ៖ អនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាល ប្រើប្រាស់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុដូចមានចែងក្នុងលិខិតលេខ២០៨១ ដនសស កណ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល ដែលឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវលន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោងផែនការសាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះ។
ប្រគល់សមត្ថកិច្ច ឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្សពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ ដោយមិនលើកលែង៕