ល្បែងអនឡាញរីកដូចផ្សិតក្នុងខណ្ឌចំការមន កំពុងតែផ្គើនប្រសាសន៍ សម្តេចតេជោ ខណ:អាជ្ញាធរមូលដ្ឋានមិនហ៊ានបង្រ្កាប”
ភ្នំពេញ ៖ ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ នៅផ្សារបឹងត្របែក ផ្លាហ្សារ ជាន់ទី៤ កំពុងតែផ្គើននឹងប្រសាសន៍សម្តេច តេជោ ហ៊ុន សែន ខណៈសម្តេចឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់ មិនដូច្នោះទេ………ដឹងខ្លួនឯងហើយ។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដែលអង្គភាពសារព័ត៌មានយើងទទួលបានពីប្រជាពលរដ្ឋ បានប្រាប់ថា មានទីតាំងលួច បើកហ្គេមអនឡាញគ្រប់ប្រភេទមួយកន្លែង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ រីកដូចផ្សិតដោយគ្មានអាជ្ញាធរណាមួយ ចុះមកបង្រ្កាបឡើយ ខណៈទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែងនេះ ស្ថិតនៅផ្សារបឹងត្របែកផ្លាហ្សារ ផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពបន្តថា ទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ ជារបស់ជនជាតិចិន ដែលមាន អ្នកធំ ឬអ្នកមានអំណាច ជាអ្នកកាងល្បែងមួយនេះ ហើយទើបបានជាហ៊ានបើកលេងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទយ៉ាងដូចនេះ ព្រោះមិនឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅបង្ក្រាបក្នុងទីតាំងខាងលើនេះឡើយ ទោះបីជាមានការចុះបង្ក្រាបយ៉ាងណាក្តី ក៏ទីតាំងខាងលើនេះ បានដឹងជាមុន ហើយរៀបចំបានយ៉ាងស្អាត ចាំទទួលសមត្ថកិច្ច ពេលសមត្ថកិច្ចចុះទៅដល់ មិនមានការលេងនោះទេ តែបន្ទាប់ពីសមត្ថកិច្ចចុះទៅបង្ក្រាបនិងត្រួតពិនិត្យ ក្រោយមកបើកដំណើរការលេងវិញដដែល ដែលគេឃើញមានពលរដ្ឋខ្មែរ និងជនជាតិចិនចូលទៅលេងកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលមានអីពិសេសហើយនៅក្នុងនឹង ។
ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ចាំមើលថា តើទីតាំងល្បែងស៊ីសងអនឡាញនេះ នឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ពិសេសតើលោក កៀងល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌ ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ អង្គភាពសារព័ត៌មាន យើងនិងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ នឹងទៅជាយ៉ាងណា? ហើយពេលណាទើបសមត្តកិច្ច បើកភ្នែកមើលឃើញ ។
សូមរំលឹកផងដែរថា យោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការព្រមានដកដំណែងថែមទៀតផង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺ ពីរភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕