សមត្ថកិច្ចបង្រ្កាបទីតាំងផលិតថ្នាំញៀនមួយកន្លែងនៅស្រុកត្រាំកក់ ចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ រឹបអូសថ្នាំញៀន និងសារធាតុគីមីផ្សំជិត ៨០គីឡូក្រាម
ខេត្តតាកែវ ៖អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួនមនុស្សចំនួន ៤នាក់ និងរឹបអូសថ្នាំញៀន ព្រមទាំងសារធាតុគីមីផ្សំជិត៨០គីឡូក្រាម ។
ជនសង្ស័យចំនួន៤នាក់រួមមាន ៖
១ /ឈ្មោះ ទួន សាស្រា្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ
២ /ឈ្មោះ ហ្វាង យ៉ាងណាម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ
៣ /ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ
៤ /ឈ្មោះ ផាន វណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិ ខ្មែរ
វត្ថុតាងចាប់យករួមមាន .គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១១៨.៦៤ក្រាម . សារធាតុគីមីផ្សំ (មិនច្បាស់) ទម្ងន់៧ ៩,១៧៦ក្រាម (៧៩គីឡូ ១៧៦ក្រាម) និងរថយន្ត១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕