ស្ត្រីម្នាក់សំរាលកូនលើទូក ខណៈកំពុងធ្វើដំណើរទៅមន្ទីរពេទ្យ

ខេត្តកោះកុង-៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រូពេទ្យឆ្មបមន្ទីរពេទ្យបង្អែក
ខេត្តកោះកុងជួយសម្រាលកូននៅលើទូក។
កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូននៅលើទូក ឈ្មោះ ឆន សាឡឹង អាយុ២២ឆ្នាំ មានទីលំនៅបណ្តោះអាសន្ននៅ ភូមិចាំយាម(ចំណុចកោះលយក្រោម ក្បែរមាត់ព្រែក) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (អាសយដ្ឋានអចិន្ត្រៃយ៍នៅខេត្តកំពត) សម្រាលបានកូនភេទប្រុស ទម្ងន់៣គ.ក្រ ។ បើតាមគ្រួសារស្ត្រីជាម្តាយរូបនេះបញ្ជាក់ថា ចំណុចដែលគ្រួសារគាត់កំពុងរស់នៅនេះជាតំបន់ភ្នំដាច់ស្រយាល និងក្បែរដៃព្រែក បើធ្វើដំណើរតាមផ្លូវទឹកមកមន្ទីរពេទ្យ លឿនជាងធ្វើដំណើរតាមផ្លូវគោក។
ហេតុការណ៍នេះបានកើតឡើង ក្នុងកំឡុងពេលស្ត្រីនោះឈឺពោះត្រៀមសម្រាលនិងកំពុងធ្វើដំណើរតាមផ្លូវទឹកតាមរយៈទូកម៉ាសុីនតូចមួយគ្រឿង នៅតាមដៃព្រែកកោះប៉ោ តែមិនទាន់បានមកដល់គោលដៅផងក៏សម្រាលនៅលើទូកតែម្តង តែគាត់និងក្រុមគ្រួសារបានបន្តដំណើរមកដល់ច្រាំងដីគោកនៅព្រឹកថ្ងៃដដែល ទើបប្រជាពលរដ្ឋទាក់ទងមកមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យក៏បានស្រូតទៅជួយសង្គ្រោះភ្លាមៗ និងបន្តដឹកគាត់តាមរយៈរថយន្តសង្គ្រោះ មកមន្ទីរពេទ្យបន្តការថែទាំ ព្យាបាលជូនគាត់ប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន ៕

ព័ត៌មានដែលជាប់ទាក់ទង