ល្បែងជល់មាន់ បៀរ អាប៉ោង យូគី និង ក្រឡុកតៃសីវ បើកលេងយ៉ាងគគ្រឹកគគ្រេង នៅភូមិខ្នាតាំយូ ស្របពេល លោក យ៉ែម សាវេត នាយប៉ុស្តិ៍សង្កាត់ព្រែកជ្រៃ និង លោក ឈុន ជីឈួន អធិការក្រុងសំពៅពូន ទើបឡើងកាន់តំណែងថ្មីៗ
កណ្តាល៖តាមប្រភពព័ត៌មានច្បាស់ការណ៍សុំមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ថា ល្បែងស៊ីសងគ្រប់ប្រភេទ រួមមាន ល្បែងជល់មាន់ បៀរ អាប៉ោង យូគី និង ក្រឡុកតៃសីវ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង នៅភូមិខ្នាតាំយូ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ខណៈ លោក យ៉ែម សាវេត នាយប៉ុស្តិ៍សង្កាត់ព្រែកជ្រៃ និង លោក ឈុន ជីឈួន អធិការក្រុងសំពៅពូន ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ រក្សាភាពស្ងប់ស្ងាត់ ពុំមានការបង្ក្រាបទាល់តែសោះ ។
ប្រភពព័ត៌មានបន្តថា ល្បែងស៊ីសងគ្រប់ប្រភេទ ទាំងនេះ បានបើកលេងយ៉ាងរលូន ជារៀងរាល់ថ្ងៃ នៅភូមិខ្នាតាំយូខាងត្បូង ឡើងទ្រហឹងអឺងកង ខណៈ លោកមេប៉ុស្តិ៍សង្កាត់ព្រែកជ្រៃនិងលោកអធិការក្រុងសំពៅពូន ទើបចូលមកកាន់តំណែងថ្មីៗមកនេះ។
ល្បែងស៊ីសងគ្រប់ប្រភេទ ទាំងនេះ ចាប់ផ្តើមលេងពីម៉ោង៩ព្រឹករហូតរសៀល ចំណែក ល្បែង បៀរ យូគី បើកលេងទាំងថ្ងៃទាំងយប់តែម្តង ដោយមានជនជាតិវៀតណាមជាអ្នករត់ការ អាចក្រោមការបើកភ្លើងខៀវពីសមត្ថកិច្ច ។
សូមបញ្ជាក់ថា វង់ល្បែងទាំងនេះ គឺជា ជនជាតិវៀតណាមជាអ្នកបើក ហើយអ្នកលេង ភាគច្រើនជាជនជាតិវៀតណាម ដែលរស់នៅក្នុងសង្កាត់ព្រែកជ្រៃខ្លះ ខ្លះទៀតឆ្លងពីប្រទេសវៀតណាមមកលេងផងដែរ ។
ពាក់ព័ន្ធករណីល្បែងស៊ីសងនេះ លោក ឈុន ជីឈួន អធិការក្រុងសំពៅពូន បានប្រាប់អង្គភាពសារព័ត៌មានយើង នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះថា លោកមិនបានដឹងនោះទេ តែលោកនឹងអោយកម្លាំងចុះទៅពិនិត្យមើលជាក់ស្តែង ។
ប្រជាពលរដ្ឋសង្ឃឹមថា លោកស្នងការនគរបាលខេត្តកណ្តាល និង លោកមេប៉េអឹមខេត្តកណ្តាល នឹងចុះបង្ក្រាបផង ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕